ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្ងៃទី២៤ កុម្ភៈ ២០២៤ នេះគឺជាខួបលើកទី៤៥ឆ្នាំនៃការជួបគ្នាឡើងវិញរវាងខ្ញុំជាមួយភរិយា និងម៉ាណែតកូនប្រុសខ្ញុំ (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២៤)។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្ងៃទី២៤ កុម្ភៈ ២០២៤ នេះគឺជាខួបលើកទី៤៥ឆ្នាំនៃការជួបគ្នាឡើងវិញរវាងខ្ញុំជាមួយភរិយា និងម៉ាណែតកូនប្រុសខ្ញុំ (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២៤)។

តាំងពីរៀបការថ្ងៃ៥ មករា ១៩៧៦ ប្តីប្រពន្ធខ្ញុំជួបតែរឿងអកុសលមិនមានសេចក្តីសុខនោះឡើយ។ វាមិនគ្រាន់តែសម្រាប់ខ្ញុំ និងភរិយាទេ តែសម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេសដែលរស់នៅក្រោមរបប ប៉ុល ពត។

តើមានមេដឹកនាំលើពិភពលោកនេះប៉ុន្មាននាក់ដែលលំបាកវេទនាដូចរូបខ្ញុំ?។ បន្ទាប់ពីរៀបការហើយត្រូវគេបំបែក មានកូនទីមួយគ្រូពេទ្យធ្វើឱ្យធ្លាក់ស្លាប់មិនទទួលបានការអនុញ្ញាតឱ៌្យយកសពកូនទៅកប់និងមើលថែរភរិយាក្រោយសម្រាលកូន។

 

ទឹកភ្នែករបស់ខ្ញុំ និងភរិយាធ្លាក់មកច្រើនណាស់ដែលជាតំណាងឱ្យការឈឺចាប់។ ច្រើនលើកណាស់ដែលទឹកភ្នែកខ្ញុំហូរធ្លាក់ចូលក្នុងចានបាយចានបបរ។ខ្ញុំបែកពីភរិយា និងពីមាតុភូមិនារាត្រីថ្ងៃ២០ មិថុនា ១៩៧៧ ក្នុងពេលដែលភរិយាខ្ញុំមានផ្ទៃពោះជាង៥ខែ ដែលកូននោះជានាយករដ្ឋមន្ត្រីកម្ពុជានាបច្ចុប្បន្ននេះ។

 

អត្ថបទនេះខ្ញុំចង់រៀបរាប់រឿងរ៉ាវដែលបានកើតឡើងនៅថ្ងៃ២៤ កុម្ភៈ ១៩៧៩ជាថ្ងៃដែលខ្ញុំបានជួបភរិយា និងកូនខ្ញុំនៅទីក្រុងភ្នំពេញព្រោះក្នុងការសរសេរមុនៗ និងក្នុងខ្សែភាពយន្តពុំមាននិយាយលំអិតនូវរឿងនេះទេ។ ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ភរិយាខ្ញុំមិនទាន់បង្ហាញខ្លួននៅឡើយទេព្រោះសភាពការណ៍នៅស្មុគ្រស្មាញណាស់នាពេលនោះ។ការបាត់ដំណឹងទាំងភរិយា និងក្រុមគ្រួសារទាំងមូលរយ:ពេលជាង១ខែក្រោយប្រទេសត្រូវបានរំដោះធ្វើឱ្យខ្ញុំគិតថាភរិយាខ្ញុំបានស្លាប់ទៅហើយ។ 

 

អាស្រ័យដោយធ្លាប់មានការយល់ច្រឡំរបស់ស្ត្រី វ័ៃចំណាស់ ២នាក់រួចមកហើយថាខ្ញុំជាប្តីរបស់គាត់ដោយឈ្មោះដូចគ្នា ដូចនេះពេលរដ្ឋមន្ត្រីក្រសួងសុខាភិបាល នូ បេង ទៅប្រាប់ខ្ញុំនាពេលល្ងាចថ្ងៃ២៤ កុម្ភៈ ១៩៧៩ នៅក្រសួងការបរទេសខ្ញុំមិនជឿទាល់តែសោះ។ តែទោះយ៉ាងណាក៏ខ្ញុំដល់ម៉ោងចេញពីធ្វើការត្រឡប់មកផ្ទះវិញផងដែរ។មកដល់ផ្ទះខ្ញុំឃើញ និងជួប រ៉ានី ភរិយាខ្ញុំបន្ទាប់មកជួបកូនប្រុសខ្ញុំ ដែលនេះជាការជួបជុំរយៈពេល៤៥ឆ្នាំកន្លងមកនេះ។ការជួបជុំប្រពន្ធកូនឡើងវិញជារឿងសប្បាយតែសង្រ្គាមរវាងឪពុក និងកូនក៏ចាប់ផ្តើមដែរ។

 

ម៉ាណែតមិនត្រឹមតែមិនព្រមហៅខ្ញុំជាពុកប៉ុណ្ណោះទេតែគេមិនឱ្យខ្ញុំប៉ះពាល់ខ្លួនគេទៀតផង។កាន់តែឆ្ងាយជាងនេះទៀតនោះគឺការតតាំងគ្នាដណ្តើមម្តាយ និងប្រពន្ធរវាងឪពុក និងកូនតូច។ម៉ាណែតមិននិយាយច្រើន ហើយក៏មិនមានអាកប្បកិរិយាមិនល្អណាមួយដាក់ខ្ញុំទេគេសុភាពរាបសារលួចសម្លឹងមើលមុខខ្ញុំម្តងៗនៅមុនពេលបាយល្ងាច។នៅពេលយប់ក្នុងបន្ទប់សម្រាករបស់ខ្ញុំមានគ្រែមួយតែមិនមានពូកទេព្រោះខ្ញុំមិនចេះដេកពូក មានកន្ទេលក្រហមនិងមុង។ ក្រៅពីនេះមានតុ និងកៅអីសម្រាប់ខ្ញុំធ្វើការពេលយប់។ ការបំភ្លឺក្នុងបន្ទប់នាពេលនោះគឺប្រើចង្កៀងប្រេងកាតអាស្រ័យដោយទីក្រុងភ្នំពេញទាំងមូលនាពេលនោះពុំមានភ្លើងអគ្គីសនីប្រើប្រាស់ទេ។ 

 

ខ្ញុំខិតខំរកស្ករគ្រាប់បានប្រហែល១០គ្រាប់ យកមកឱ្យកូន។ ម៉ាណែតបានទទួលយកស្ករគ្រាប់នេះដោយទឹកមុខញញឹម ឃើញស្ថានភាពបែបនេះខ្ញុំគិតថាកូនប្រហែលស្គាល់ខ្ញុំជាឪពុករបស់គេហើយ។ ក្រោយម៉ាណែតទទួលយកស្ករគ្រាប់ហើយ ខ្ញុំក៏ដើរទៅអង្គុយលើកៅអីដើម្បីមើលឯកសារនៅលើតុជាមួយចង្កៀងប្រេងកាត។ ក្រឡេកបែរក្រោយខ្ញុំឃើញម៉ាណែតកំពុងយកស្ករគ្រាប់គប់លេងព្រោះគេអត់ស្គាល់ថាជារបស់សម្រាប់ហូបទេ។ខ្ញុំខ្លោចចិត្តអាណិតកូនក៏ប្រាប់ទៅភរិយាខ្ញុំ ដែលទើបចេញពីបន្ទប់ទឹកឱ្យបកស្ករគ្រាប់ឱ្យកូនញាំ។ខ្ញុំនៅចាំបានថាភរិយាខ្ញុំឱ្យម៉ាណែតញាំត្រឹម ២គ្រាប់ប៉ុណ្ណោះព្រោះខ្លាចកូនក្តៅខ្លួនតែម៉ាណែតចង់ញាំទៀតព្រោះទើបនឹងផ្តាច់ដោះប្រហែល១ខែមុនប៉ុណ្ណោះ ។ ម៉ាណែតជាកូនស្តាប់ម្តាយមិនទាមទារទៀតទេ និងក៏ដល់ពេលដែលម្តាយលើកម៉ាណែតឡើងលើគ្រែដើម្បីគេងនៅម៉ោងប្រហែលជាង៩យប់។

 

ឃើញម៉ែកូនឡើងលើគ្រែខ្ញុំក៏ប្រញ៉ាប់ទៅទម្លាក់មុងដើម្បីសម្រាកដែរ។ ឃើញខ្ញុំឡើងគ្រែរៀបសម្រាកម៉ាណែតយំដេញខ្ញុំឱ្យចេញពីមុង និងចុះពីគ្រែ។ អត់មានជម្រើសក្រៅពីចុះចាញ់កូនសុខចិត្តចុះចេញពីគ្រែមកអង្គុយធ្វើការរង់ចាំកូនដេកលក់ទើបហ៊ានឡើងទៅដេកលើគ្រែវិញដោយដាក់កូនទៅកៀនគ្រែកៀកជញ្ជាំង។ពេលព្រឹកត្រូវក្រោកឱ្យបានឆាប់កុំឱ្យម៉ាណែតឃើញ។ ការធ្វើបែបនេះអស់ប្រហែលជាង១០ថ្ងៃ។

 

នេះពិតជាស្នេហាកញ្ឆក់ កន្ដៀតមែន តាំងពីពេលរៀបការរហូតដល់ម៉ាណែតព្រមទទួលស្គាល់ថាជាឪពុក។នេះហើយជាផលវិបាកនៃសង្រ្គាមនិងរបបប្រល័យពូជសាសន៍ដូចនេះត្រូវរួមគ្នាការពារសន្តិភាពឱ្យខាងតែបានទោះត្រូវបង់ថ្លៃដោយតម្លៃណាក៏ដោយ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *