សមត្ថកិច្ចឆ្មក់ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសង 8888 ប្រភេទឡូតូ ចំនួន២ទីតាំង និងឃាត់ខ្លួនមនុស្សបានជាង១០នាក់។
កម្លាំងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយ នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែង នៃក្រសួងមហាផ្ទៃ ធ្វើឡើងនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ នៅចំណុចទីតាំង តោះជុំគ្នាការហ្វ នៅតាមបណ្ដោយផ្លូវលេខ២៤២ សង្កាត់បឹងព្រលិត និងមួយទីតាំងទៀតយីហោ ឃ្វីន សាឡន សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុងរង្វង់ប្រតិបត្តិការនេះផងដែរដោយមានការដឹកនាំផ្ទាល់ដោយព្រះរាជអាជ្ញារង យស វាសនា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
តាមប្រភពពីមន្ត្រីជំនាញបានឲ្យដឹងថាក្នុងការចុះប្រតិបត្តិការទីតាំងនីមួយៗដែលបើកអាជីវកម្មប្រភេទឡូតូតូចធំ 8888 ក៏ប៉ុន្តែមន្ត្រីជំនាញមិនបានបញ្ជាក់ឲ្យស៊ីជម្រៅនោះទេថាល្បែងស៊ីសង ប្រភេទនេះមានច្បាប់ឬមិនមានច្បាប់អាជីវកម្មនោះឡើយ។
សូមបញ្ជាក់ផងដែរថាការចុះប្រតិបត្តិការនេះ មហាជនមានការងឿឆ្ងល់ផងដែរថាកន្លងមកអាជ្ញាធរបានអះអាងថា ល្បែងស៊ីសងប្រភេទឡូតូតូចធំ 8888 នេះថាមានច្បាប់អាជីវកម្មត្រឹមត្រូវ ដោយមិនឃើញមានការចុះបង្ក្រាបនោះឡើយ។ ស្រាប់តែ ពេលនេះ មន្ត្រីជំនាញនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែង នៃក្រសួងមហាផ្ទៃ បានចុះមកបង្ក្រាបចំពោះល្បែងស៊ីសងប្រភេទឡូតូ 8888នេះទៅវិញ។
យ៉ាងណាមិញមហាជនបានលើកឡើងបន្តទៀតថាបើល្បែងស៊ីសងប្រភេទឡូតូ 8888នេះខុសច្បាប់មែន តើទីតាំងល្បែងស៊ីសង់ប្រភេទនេះគិតយ៉ាងម៉េច បើមានច្រើនទីតាំងរីកដុះដាលពេញទីតាំងហាងកាហ្វេ និងភោជនីយដ្ឋានគ្រប់ទីកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្ត។
#dolynews