លោក ខេង យ័ន ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ក្រោមបទចោទរំលោភអំណាច និងសម្អាតប្រាក់។
ភ្នំពេញ: គ្នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៤នេះ លោក ទិត្យសុធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក ខេង យ័ន អតីតអភិបាលក្រុងកែបជាបណ្ដោះអាសន្ន ក្រោមបទចោទ ប្រកាន់ចំនួន២ គឺបទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
លោក ខេង យ័ន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចចេញអនុក្រឹត្យបញ្ចប់មុខតំណែង ពីអភិបាលក្រុងកែបនៃខេត្តកែប នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមអភិក្រមទាំង៥ គឺឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។
ចំពោះការបញ្ចប់តំណែងលោក ខេង យ័ន ត្រូវបានសម្ដេចធិបតីបញ្ជាក់ថា មានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន៕
#dolynews