យោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី30 ខែមេសា ឆ្នាំ2021នេះ ឯកឧត្តម វេង សខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង តំណាងឲ្យលេខាធិការដ្ឋានស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក3 បានយកអង្ករចំនួន 78 តោន ដែលទទួលបានពីកម្មវិធីស្បៀងបម្រុងអាស៊ានបូក3 ទៅប្រគល់ជូន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។
ដើម្បីចែកជូនដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលកំពុងប្រឈមនឹងការខ្វះស្បៀងដោយសារការរីករាលដាលជំងឺកូវិដ-19 ស្ថិតនៅក្នុងតំបន់បិទខ្ទប់ ជាពិសេស(តំបន់ក្រហម )នៅក្នុងរាជធានីភ្នំពេញ (ចំនួន2583 គ្រួសារ)។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី21 ខែតុលា ឆ្នាំ2020 កន្លងទៅ កម្ពុជា ជាភាគីម្ចាស់ផ្ទះ បានរៀបចំដឹកនាំកិច្ចប្រជុំប្តូរវេន ថ្នាក់រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ព្រមទាំងមានកិច្ចប្រជុំអម2ទៀតគឺ កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូក3 (ចិន ជប៉ុន និងកូរ៉េ) និងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើ អាស៊ាន បូកឥណ្ឌា ។ ដោយឡែ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើ អាស៊ានបូក3 រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ស្បៀងជាអង្ករចំនួន 300 តោន របស់កម្មវិធីស្បៀងបំរុងអាស៊ានបូក3 ជូនមកប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងគ្រោះដោយទឹកជំនន់ ចំនួន 7400គ្រួសារ ដែលរស់នៅក្នុងខេត្តចំនួន6 គឺខេត្តបន្ទាយមានជ័យចំនួន 1500គ្រួសារ បាត់ដំបងចំនួន 1500គ្រួសារ ពោធិ៍សាត់ចំនួន 1200គ្រួសារ កំពង់ធំចំនួន 1000គ្រួសារ ព្រៃវែងចំនួន 1000គ្រួសារ និងខេត្តត្បូងឃ្មុំចំនួន 1200គ្រួសារ ដោយជនរងគ្រោះមួយគ្រួសារទទួលបានអង្ករចំនួន 30គីឡូក្រាម។
ជំនួយនេះបានបញ្ជូនមកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី30 ខែធ្នូ ឆ្នាំ2020 ស្របពេលដែលប្រជាពលកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវិដ-19យ៉ាងធ្ងន់ធ្ងូរ។ នាពេលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកសំណើទៅកាន់លេខាធិការដ្ឋានស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក3 (ASEAN Plus Three Emergency Rice Reserve-APTERR) ដើម្បីធ្វើការចែករំលែកស្បៀងចំនួន 78 តោន ជូនដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងជួបប្រទះការខ្វះខាតស្បៀង ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ( ក្នុងតំបន់ក្រហម) (តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី29 ខែមេសា ឆ្នាំ2021) ។