មនុស្សស្រី ប្រុស ចំនួន 5 នាក់ រួមទាំងសារធាតុផ្សំគ្រឿ.ង.ញៀ. នសរុបចំនួនជិត23 គីឡូក្រាម ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប។
តាមប្រភពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ក្រោមការដឹកនាំកម្លាំងបង្រ្កាបផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បើកប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀននេះ បានធ្វើឡើងកាលពីថ្ងៃទី26 ខែកញ្ញា ឆ្នាំ2023 វេលាម៉ោង12និង30នាទីរំលងអាធ្រាត នៅទីតាំងចំនួន4ក្នុងរាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ មៀច ឈួនស៊ីម៉ូលីន នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ប្រាប់ឲ្យដឹងថាក្នុងប្រតិបត្តិការបង្រ្កាបនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន 5នាក់ ក្នុងនោះស្រី ម្នាក់ ទី1រួមមាន ឈ្មោះ ជ័យ ឆៃយ៉ា ភេទប្រុស អាយុ39ឆ្នាំ, ទី2ឈ្មោះ ចាន់ លីម៉ឹង ហៅ វីត ភេទប្រុស អាយុ 34ឆ្នាំ, ទី3ឈ្មោះ យឹម ម៉ារីណែត ភេទស្រី អាយុ40ឆ្នាំ, ទី4ឈ្មោះ អ៊ុក សំអន ហៅ យ៉ាំង ភេទប្រុស អាយុ38ឆ្នាំ, និងទី5ឈ្មោះ វ៉ាន់ រ៉ាឌី ភេទប្រុស អាយុ36ឆ្នាំ។
សមត្ថកិច្ចបានចាប់បាន និងដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនម្សៅកញ្ចប់ ប្រភេទ MDMA សរុបចំនួន 89កញ្ចប់ ទំងន់ 935ក្រាម។ ឧបករណ៍កែច្នៃផលិតគ្រឿងញៀនមួយចំនួន និងសារធាតុផ្សំ សរុបទំងន់ 22គីឡូក្រាម។ សមត្ថកិច្ចបានបញ្ចាក់ថាគោលដៅទាំងដែលសមត្ថកិច្ចបានបង្រ្កាបនោះរួមមាន៖
គោលដៅទី1 នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ179 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ2នាក់ និងដកហូតបាន ថ្នាំញៀនរូបផ្លែឈើចំនួន20ញ្ចប់ ។
គោលដៅទី2 នៅចំណុចផ្ទះលេខ79 ផ្លូវ4បេ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនចំនួន66កញ្ចប់។
គោលដៅទី3 នៅចំណុចបន្ទប់ជួល ភូមិស្វាយតាអុក1 សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន2នាក់ រួមនឹងថ្នាំញៀន ចំនួន3កញ្ចប់ និងសារធាតុផ្សំទំងន់ 5គីឡូក្រាម ។
គោលដៅទី4 នៅចំណុចបន្ទប់ជួល ផ្លូវ355 ភូមិតាង៉ូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ដែលក្រុមបក្ខពួកជនសង្ស័យជួលសម្រាប់ទុកកែច្នៃផលិតគ្រឿងញៀន ដោយដកហូតវត្ថុតាង ឧបករណ៍កែច្នៃមួយចំនួន និងសារធាតុផ្សំទំងន់17គីឡូក្រាម ។
ហើយបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី៕
#dolynews