ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំប្រតិភូតំណាងរដ្ឋាភិបាលចូលការពារសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម។

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំប្រតិភូតំណាងរដ្ឋាភិបាលចូលការពារសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម។


នាព្រឹកថ្ងៃទី21 ខែមិថុនា ឆ្នាំ2023នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូតំណាងរាជរដ្ឋាភិបាល ចូលការពារសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្នុងសម័យប្រជុំព្រឹទ្ធសភាលើកទី10 នីតិកាលទី4 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

សម្ដេចក្រឡាហោម បានធ្វើសេចក្ដីរាយការជូនអង្គប្រជុំព្រឹទ្ធសភាថាសេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានាឱ្យមានវិធាន និងនីតិវិធីច្បាស់លាស់ ទាក់ទងទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចការពារសិទ្ធិ និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ព្រមទាំងធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវ ច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបចំគ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជន ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផងដែរ។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលរៀបចំឡើងមិនត្រឹមតែ អាចឆ្លើយតបក្នុងការដោះស្រាយបញ្ហាដែលបានជួបប្រទះក្នុងពេលអនុវត្តជាក់ស្តែងកន្លងមក ប៉ុណ្ណោះនោះទេ គឺធានាបាននូវតម្លាភាពក្នុងការផ្តល់សេវា និងបានរៀបចំបទប្បញ្ញត្តិដែលមាន លក្ខណៈទំនើបកម្មស្របតាមការរីកចម្រើននៅក្នុងសង្គម ព្រមទាំងបានរៀបចំដោយព្យាករណ៍ទុកជាមុនរួចស្រេចទាក់ទងនឹងការបន្តរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថលនាថ្ងៃអនាគតផងដែរ។

សេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាន12ជំពូក និង 182មាត្រា និងត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី12 ខែមិថុនា ឆ្នាំ2023នាសម័យប្រជុំរដ្ឋសភាលើកទី9 នីតិកាលទី6 ក្នុងកិច្ចប្រជុំព្រឹទ្ធសភា មានសមាជិកព្រឹទ្ធសភាចំនួន3រូប បានឡើងមានយោបល់ ហើយសម្តេចក្រឡាហោម ស ខេង ក៏បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ផងដែរ។ អង្គប្រជុំព្រឹទ្ធសភាក៏បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ច្បាប់នេះ៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *