ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង គណ:អភិបាល នៃគណ:អភិបាល ក្រុងអរិយក្សត្រ
កណ្ដាល: នៅរសៀលថ្ងៃទី 3 ខែឧសភា ឆ្នាំ 2023 នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាស
បង្កើត និងដាក់ឲ្យដំណើរការនូវរដ្ឋបាលក្រុងអរិយក្សត្រ និងប្រកាសតែងតាំងចូលកាន់មុខតំណែង គណ:អភិបាល នៃគណ: អភិបាលក្រុងអរិយក្សត្រ នៃខេត្តកណ្ដាល។
យ៉ាងណាមិញឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថាគណ:អភិបាលក្រុងអរិយក្សត្រ ដែលទើបតែងតាំងថ្មី ត្រូវមានគណនេយ្យភាព ជាមួយរាជរដ្ឋាភិបាល គណ:អភិបាលខេត្ត ក្រុមប្រឹក្សា និងធ្វើជាគំរូ ដោយត្រូវភាពស្មោះត្រង់ មានការទទួលខុសត្រូវ ខិតខំបម្រើ ការពារ មន្រ្តីក្រោមឱវាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមអភិបាល បានបន្តថា បន្ថែមលើសពីនេះ លោក លោកស្រី ត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវសិក្សារៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង និងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយភាតរភាព ទន់ភ្លន់ ម៉ឺងម៉ាត់។
ជាចុងក្រោយឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សា គណៈ អភិបាលក្រុង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងក្រុង ត្រូវរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុង
ការអនុវត្តកំណែទម្រង់នានា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី4 របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី6 ហើយត្រូវជំរុញការអភិវឌ្ឍក្រុងថ្មី ឲ្យសម្រេចបានសមិទ្ធផល និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងសម័យតេជោសុខសន្តិភាព និងការអភិវឌ្ឍ៕
#dolynews