ព្រឹកថ្ងៃទី 30 ខែមេសា ឆ្នាំ 2023 នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យសមិទ្ធផល និងវឌ្ឍនភាពនៃការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី3នៅខេត្តព្រះសីហនុ
នៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី3(PS3) នេះ ស្ថិតនៅភូមិ4 សង្កាត់លេខ5ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយប្រើប្រាស់បច្ចេកវិទ្យា Membrane Aerated Biofilm Reactor (MABR) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអ៊ីស្រាអែល ដែលអនុវត្តដោយក្រុមហ៊ុន Xwater Technology រយៈពេល 22ខែ គ្រោងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ2023ខាងមុខ ក្នុងទឹកប្រាក់ប្រមាណ 20លានដុល្លារ។
ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី3(PS3) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី18 ខែកញ្ញា ឆ្នាំ2021 ហើយការសាងសង់ឡើងក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ។
បច្ចុប្បន្ន ខេត្តព្រះសីហនុមានស្ថានីយប្រព្រឹត្តិកម្មទឹកខ្វាក់ចំនួន3 ទីតាំងហើយ ដែលស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី1 មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ 5,200ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី2មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ 7,200ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ចំណែកឯស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី3ដែលកំពុងបើកការដ្ឋានសាងសង់នៅពេលនេះ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ 20,000ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ស្ថានីយប្រព្រឹត្តកម្មនេះបានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមដល់ខេត្តព្រះសីហនុ ធ្វើឱ្យបរិស្ថានល្អ សោភ័ណភាព និងទទួលបានភ្ញៀវទេសចរច្រើននាពេលខាងមុខ ដោយមានស្ថេរភាព ប្រសិទ្ធភាព សន្សំសំចៃថាមពល គ្មានសំឡេងរំខាន គ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ និងអ្នករួមចំណែកដល់ការថែរក្សាបរិស្ថាន៕
#dolynewsព័ត៌មាន