ឯកឧត្តម គង់ សោភ័ណ្ឌ និងឯកឧត្តម ម៉ៅ ភិរុណ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាគារសម្ភពនិងរោគស្ត្រីទំហំ 45ម×18ម
នៅព្រឹកថ្ងៃទី 28 ខែមីនា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល រួមជាមួយ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង (ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភព និងរោគស្ដ្រី នៅក្នុងមន្ទីរពេទ្យបង្អែកពញាឮ ទំហំ45មx18ម) ស្ថិតនៅក្នុងភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្ត កណ្តាល។
អគារសម្ភព និងរោគស្ដ្រី នៅក្នុងមន្ទីរពេទ្យបង្អែកពញាឮ ទំហំ45មX 18ម កម្ពស់មួយជាន់2ជួរ និងមាន16បន្ទប់ នៅភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល នាពេលនេះ ជាសក្ខីកម្មនៃសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀតរបស់ ស្រុកពញាឮ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម
ពិសេសវិស័យសុខាភិបាល ដែលមានការរីកចំរើន ប្រកបដោយ ផាសុកភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី4 របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិទី6 ដែលបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះវិស័យសុខាភិបាល ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជនទូទាំងប្រទេស ពិសេសនៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល និងដើម្បីលើកកម្ពស់គុណភាពវិស័យសុខាភិបាល ក្នុងការឈានទៅសម្រេចគោលដៅ យុទ្ធសាស្ដ្រ (ការព្យាបាលប្រកបដោយគុណភាព ប្រជាពលរដ្ឋទទួលបានសេវាសុខភាព គ្រប់ជ្រុងជ្រោយ មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព)៕
#dolynews