នៅព្រឹកថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតជាង7ពាន់នាក់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង 7ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា 2018-2019 និងឆ្នាំសិក្សា2019-2020 សរុបចំនួន 7,021នាក់ នារី 3,701នាក់។ គិតចាប់តាំងពីឆ្នាំ1980 មកទល់ឆ្នាំសិក្សា2019-2020 និស្សិតបានបញ្ចប់ការសិក្សាសរុប 54,706នាក់ (នារី 20,738នាក់)។ ក្នុងនោះមាននិស្សិតអាហារូបករណ៍សរុប 19,786នាក់ (នារី 6,161នាក់) និងនិស្សិតជ័យលាភីអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សរុប97នាក់ (នារី 63 នាក់)។ ក្នុងឆ្នាំសិក្សា 2022-2023នេះ និសិ្សតកំពុងសិក្សាសរុប19,864នាក់ (នារី 11,225នាក់) ក្នុងនោះនិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សរុប49នាក់ (នារី 139នាក់)។
មុននឹងថ្លែងទៅកាន់និស្សិត នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅសល់តែ 70ថ្ងៃប៉ុណ្ណោះ នឹងឈានដល់ការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយ។ នៅព្រឹកនេះ សម្តេចតេជោបានសម្តែងការរីករាយជាមួយនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញទាំងអស់ដែលបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅថ្ងៃនេះ។ សម្តេចតេជោ បានចាត់ទុកនិស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏សំខាន់សម្រាប់ជាតិ និងប្រជាជនកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតែជាសាកលវិទ្យាល័យដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់និស្សិតបញ្ចប់ការសិក្សា ឱ្យបន្តសិក្សារៀនសូត្របន្ថែមទៀត។ សម្តេចតេជោបានមានប្រសាសន៍ថា ការមិនព្រមរៀន មិនព្រមស្វែងយល់ពីបច្ចេកវិទ្យា នឹងក្លាយទៅជាឧបសគ្គសម្រាប់ការងារ នាពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន បានណែនាំរដ្ឋមន្ត្រីអប់រំ ជជែកជាមួយថ្នាក់ដឹកនាំនៃប្រទេសឡាវ ឱ្យផ្តល់ថ្លៃអាហារូបករណ៍ជូននិស្សិតជាប្រាក់ដុល្លារ ដើម្បីឆ្លើយតបការប្រែប្រួលអត្រាប្តូរប្រាក់។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសដំឡើងប្រាក់ឧបត្ថម្ភទៅកាន់បណ្ណាល័យរបស់សម្តេចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ 10លានរៀលក្នុងមួយខែ ចាប់ពីខែមីនា ឆ្នាំ2023។សម្ដេចតេជោបានបញ្ជាក់ថាបណ្ដាល័យនេះគឺជាឃ្លាំងចំណេះដឹងដ៏សំខាន់សម្រាប់សិស្សនិស្សិតដែលត្រូវការចំណេះដឹងផ្សេងៗជាពិសេសការសិក្សាស្រាវជ្រាវរបស់និស្សិតគ្រប់ៗរូប។
ទៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្រៀនលោក ស៊ន តារា ថា ស្រឡាញ់អ្នកដទៃបានបែបណា បើឪពុកម្តាយខ្លួនឯងមិនស្រឡាញ់ផងហ្នឹង? សម្តេចតេជោផ្តាំទៅលោក ស៊ន តារា កុំឱ្យភ្លេចកំណើត។ សម្ដេចតេជោបានផ្តាំទៅកុំឲ្យភ្លេចអ្នកមានគុណ។ សម្តេចតេជោ បញ្ជាក់ថា ពេលម្តាយរបស់សម្តេចដួលបាក់ឆ្អឹង គឺសម្តេច កំពុងនៅប្រទេសវៀតណាម។ សម្តេចតេជោ បញ្ជាក់ថា ម្តាយសម្តេចដួលបាក់ឆ្អឹងដោយសារតែគ្រាប់ផ្លោងថ្ងៃ6-7កក្កដា 1997 មិនដូចការចោទប្រកាន់របស់ពួកប្រឆាំងថា សម្ដេចបានវៃធ្វើបាបម្ដាយនោះទេ។
មុននឹងបញ្ចប់ សម្ដេចតេជោក៏បានជូនពរ និងអបអរសាទរនិស្សិតជ័យលាភីទាំងអស់ឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យក្នុងការសិក្សា និងក្នុងការងារជាបន្តបន្ទាប់ទៀតនាពេលខាងមុខ៕
#dolynews