ព័ត៌មានជាតិ

ពិតជាមានអំណាចមែន អាចចាក់ដីលុបសមុទ្រ និងសាងសង់សំណង់បានយ៉ាងរលូន ស្ថិតក្នុងស្រុកស្រែអំបិល

ពិតជាមានអំណាចមែន អាចចាក់ដីលុបសមុទ្រ និងសាងសង់សំណង់បានយ៉ាងរលូន ស្ថិតក្នុងស្រុកស្រែអំបិល

កោះកុង៖ ពលរដ្ឋ ឬអ្នកភូមិឋានៈតូចទាបមិនហ៊ានដល់ម្លឹងទេ ករណីអស់លោកអ្នកមានទ្រព្យ និងអំណាចអាចធ្វើបានដោយកាប់បំផ្លាញព្រៃកោងកាងចាក់ដីលុបសមុទ្រ និងសង់សំណង់រឹងមាំបានយ៉ាងរំភើយ គ្មានរដ្ឋអំណាចថ្នាក់ស្រុក និងខេត្តកោះកុងទៅរំខាននៅឡើយ ទំនងទាល់តែថ្នាក់ដឹកនាំចង្អុលទើបអើពើមើលទៅ។ ព្រោះករណីបែបនេះកន្លងទៅសម្ដេចនាយករដ្ឋមន្ត្រីក៏ធ្លាប់មានចំណាត់ការផងដែរ។

 

សកម្មភាពអស់លោកអ្នកមានទ្រព្យនៅកៀកស្មានឹងឧកញ៉ាសម្ដីខែងរ៉ែងម្នាក់ ដែលត្រូវបានគេដឹងថា ពាក់ពន្ធ័នឹងសំណង់ខាងលើស្ថិតនៅចំណុចភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។

 

បច្ចុប្បន្នក្រុមអាម៉ីអាថោងរបស់ឧកញ៉ានោះកំពុងឆ្លេឆ្លាបិទព័ត៌មានដែលបានចុះផ្សាយនៅតាមបណ្ដាអង្គភាពមួយចំនួន ដោយគេយកអំណាចអ្នកណាដែលគេដឹងថា មានឥទ្ធិពលលើបុគ្គលអ្នកផ្សាយ និងជៈលុយបន្តិចបន្តួចដើម្បីបិទព័ត៌មាន។ ទាក់ទងសកម្មភាពចាក់ដីលុបសមុទ្រ និងសង់សំណង់ទាំងបំពានច្បាប់នេះលោក ជា ច័ន្ទកញ្ញា អភិបាល ស្រុកស្រែអំបិល នៅមិនទាន់មានការបញ្ជាក់ទេ បន្ទាប់ពីលោកទទួលសារសំណួរពីអង្គភាពព័ត៌មាន អង្គស្នួល ប៉ុស្តិ៍ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្មាំ២០២២នេះ ។

 

ចំណែកភាគីម្ចាស់សំណង់ខាងលើ អង្គស្នួល ប៉ុស្តិ៍មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់បាននៅឡើយ។

 

សូមរំលឹកថា តាមអនុក្រឹតចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៥ ត្រង់មាត្រា៨ បានកំណត់ថា ដីចំណីឆ្នេរ និងពាមសមុទ្រ ត្រូវទុកចម្ងាយ ១០០ម៉ែត្រ (ពេលទឹកជោរអតិបរមា) ដោយគិតពីមាត់ឆ្នេរ និងមាត់ពាមសមុទ្រ ហើយប្រសិនបើមានផ្លូវសាធារណៈស្របឆ្នេរស្រាប់ក៏គិតត្រឹមផ្លូវនោះ។ ចុះក្រឡេកមកមើលទីតាំងនេះវិញ ហេតុអ្វីគេអាចសង់សំណង់រឹងមាំថ្មីៗលើដីឆ្នេរ និងវាទទីយកដីព្រៃកោងកាងលិចទឹកបាន៕ កុល គន

Leave a Reply

Your email address will not be published. Required fields are marked *