នៅព្រឹកថ្ងៃទី 24 ខែតុលា ឆ្នាំ 2022 នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន11,528គ្រួសារ។
ខេត្តបាត់ដំបង តាមរបាយការណ៍របស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា កន្លងទៅថ្មីៗនេះ នៅភូមិសាស្ត្រខេត្តបាត់ដំបង បានជួបប្រទះគ្រោះទឹកជំនន់ដោយទឹកភ្លៀង បានប៉ះពាល់ដល់14 ក្រុង ស្រុក (លើ 91ឃុំសង្កាត់ និង502ភូមិ) បណ្ដាលឱ្យរងផលប៉ះពាល់ដល់ប្រជាជន សរុបចំនួន 29,384គ្រួសារ ក្នុងនោះបានជម្លៀសប្រជាជនមកទីទួលសុវត្ថិភាពចំនួន1,051គ្រួសារ និងធ្វើឲ្យប៉ះពាល់ដល់ផ្ទះ សម្បែង សរុប 29,384ខ្នង ខូចខាត 32ខ្នង ប៉ះពាល់សាលារៀន 76 កន្លែង មណ្ឌលសុខភាព 6 កន្លែង វត្ត 19កន្លែង និងអគាររដ្ឋបាលសាធារណៈ 4កន្លែង។
លើសពីនេះ បណ្តាលឲ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជា ពលរដ្ឋ មានចំនួន 45,812ហិកតា និងខូចខាតចំនួន 27,233ហិកតា។ ដោយឡែក តាមការពិនិត្យ និងស្រាវជ្រាវរបស់មន្ត្រីជំនាញជាក់ស្តែង ផ្ទៃដីដែលអាចធ្វើការស្តារឡើងវិញបានមានចំនួន 11,528ហិកតា ស្មើ 11,528គ្រួសារ និងប៉ះពាល់ដំណាំរួមផ្សំផ្សេងៗ មានចំនួន 33,797 ហិកតា និងខូចខាត 16,219ហិកតា។
សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានជួបបងប្អូនប្រជាកសិករនាថ្ងៃនេះ និងបានចូលរួមសោកស្ដាយ និងរំលែកការលំបាកជាមួយប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះដោយទឹកជំនន់។ សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបណ្តាំព្រះមហាក្សត្រ និងសម្តេចម៉ែសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះបងប្អូនប្រជាកសិករគ្រប់ៗរូប។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិសាលភាពប៉ះពាល់ទឹកជំនន់នៅឆ្នាំនេះ ធំជាងឆ្នាំ2020 ដូច្នេះ រំពឹងថា អាជ្ញាធរ និងប្រជាពលរដ្ឋយើង នឹងរួមគ្នាជម្នះការលំបាកដែលបង្កដោយទឹកជំនន់នាពេលនេះ។ សម្តេចតេជោក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋខេត្តបាត់ដំបង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅនេះ។
ជាងថ្មីម្តងទៀត សម្តេចតេជោ ក៏ បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តចែកពូជដំណាំផ្សេងៗជូនប្រជាកសិករ ដែលមិនអាចធ្វើស្រែឡើងវិញបាន និងណែនាំឱ្យរដ្ឋមន្ត្រីកសិកម្មពិចារណាផលិតពូជស្រូវទុកជូនប្រជាកសិករ ដើម្បីបានបង្កបង្កើតផលឡើងវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការធ្វើកសិកម្មមិនត្រូវធ្វើកសិកម្មបែបធម្មតានោះទេ ត្រូវរិះរកវិធីធ្វើយ៉ាងណាឱ្យប្រជាកសិករមានផលចំណេញច្រើន តាមរយៈវិធីសាស្ត្រធ្វើកសិកម្មបែបទំនើប លឿនរហ័សទាន់ចិត្ត និងទទួលបានផលច្រើន។
ទាក់ទងទៅនឹងស្ថានភាពជំងឺកូវីដ19 នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃម្សិលមិញនេះ មិនមានករណីឆ្លងជំងឺកូវីដ19ថ្មី នោះទេ នេះជាថ្ងៃទី4ហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ19សូម្បីតែម្នាក់។ តែទោះជាមិនមានឆ្លងថ្មីក៏ដោយ យើងនៅតែបន្តអំពាវនាវប្រជាពលរដ្ឋចូលរួមអនុវត្តន៍វិធានការនានា ដើម្បីការពារជំងឺកូវីដ19 ពីព្រោះកូវីដមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេស: ហើយសម្តេចក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅ ខែកក្កដា ឆ្នាំ2023 ខាងមុខជាបន្តទៀត។ គណបក្សប្រជាជនកម្ពុជាតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋ ជាពិសេសពេលពលរដ្ឋមានទុក្ខលំបាកគណបក្សប្រជាជនកម្ពុជា តែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋពេលវេលា៕
#dolynews
https://www.facebook.com/dolynews