នៅព្រឹកថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2022នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្ត រើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា កិច្ចសំណេះសំណាលនេះនឹងធ្វើឡើងនៅឃុំរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលព្រមរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងអរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សម្រាប់ការដឹកនាំការងារនេះ។ សម្តេចតេជោបានមានប្រសាសន៍តំបន់រមណីយដ្ឋានអង្គររបស់យើង សម្តេចព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ ព្រះអង្គបានយកព្រះទ័យទុកដាក់ខ្លាំងណាស់ ជាពិសេសលើព្រះរាជកិច្ចការពារ និងថែរក្សា ព្រះអង្គបានផ្តួចផ្តើមព្រះបញ្ញាញាណដោយផ្ទាល់ក្នុងការស្នើដាក់តំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ហើយសម្ដេចបានគាំទ្រទាំងស្រុង។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា តំបន់រមណីយដ្ឋានអង្គរពេលដាក់ចូលបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ1992 ហើយនោះ ត្រូវតែអនុវត្តន៍តាមលក្ខន្តិកៈទាំងឡាយកំណត់ដោយអង្គការយូណេស្កូ។សម្តេចតេជោបានមានប្រសាសន៍ថា ការរៀបចំតំបន់រមណីយដ្ឋានអង្គរ ជាកិច្ចការចាំបាច់សម្រាប់ការរក្សាសម្បត្តិវប្បធម៌របស់ដូនតាយើង។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យកងទ័ពឱ្យជួយដឹកជញ្ជូនសម្ភារៈប្រជាពលដែលរដ្ឋ រុះរើពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯក។ សម្តេចតេជោ ក៏បានប្រកាសឧបត្ថម្ភដល់ប្រជាពលរដ្ឋព្រមរុះរើសំណង់ទាំង 1,117គ្រួសារ រួមមានអង្ករ 50គីឡូក្រាម មី 6កេសតូច ត្រីខ 1កេសធំ ថវិកា 20ម៉ឺនរៀល និងឧបត្ថម្ភថវិកាសម្រាប់ការរុះរើផ្ទះ 1លានរៀល។ សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភស័ង្កសីជូនពលរដ្ឋមួយគ្រួសារ 30សន្លឹក និងថវិកាសម្រាប់ធ្វើបង្គន់អនាម័យចំនួន20ម៉ឺងរៀល។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់បណ្ណសមធម៌(ប័ណ្ណក្រីក្រ) និងដល់ស្ត្រីមានផ្ទៃពោះ ជូនដល់ពលរដ្ឋទាំងអស់ ដែលយល់ព្រមផ្លាស់ប្តូរលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯកនេះ។ សម្តេចតេជោក៏បានណែនាំឱ្យរដ្ឋមន្ត្រីសង្គមកិច្ច ចាត់ចែងរៀបចំបណ្ណសមធម៌ និងបណ្ណស្ត្រីមានផ្ទៃពោះ ជូនពលរដ្ឋទាំងអស់ដែលយល់ព្រមផ្លាស់ប្តូរលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯកដែលផ្តល់សុពលភាព 10ឆ្នាំផងដែរ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យចាក់កៅស៊ូផ្លូវចូលមកកាន់ភូមិធម្មជាតិរុនតាឯកនេះ និងត្រូវសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងភូមិធម្មជាតិនេះ ដែលមានប្រវែងសរុប 140គីឡូម៉ែត្រ ខណ:ដែលបច្ចុប្បន្នសាងសង់បាន 18គីឡូម៉ែត្រហើយ។ សម្តេចតេជោក៏ណែនាំឱ្យទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ចាប់ផ្តើមតប្រព័ន្ធទឹកស្អាតជូនពលរដ្ឋភូមិធម្មជាតិរុនតាឯកនេះដែលត្រូវចំណាយថវិកាប្រមាណ 3លានដុល្លារអាមេរិក។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យខាងអគ្គិសនីកម្ពុជាក៏ត្រូវរៀបចំតបណ្តាញអគ្គិសនីចូលភូមិធម្មជាតិរុនតាឯកនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់បក្សនយោបាយកុំប្រើរឿងដោះស្រាយបញ្ហានៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីកេងចំណេញផ្នែកនយោបាយ ព្រោះជាតម្រូវការរបស់ជាតិ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ និងស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ផ្តល់ប្រាក់កម្ចីជាមួយអត្រាការប្រាក់ទាបជូនពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯកនេះ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់តាមតម្រូវការនាពេលខាងមុខ៕