ព័ត៌មានជាតិ

ប្រជាពលរដ្ឋចំនួន 248 គ្រួសារ ទទួលបាននូវវិញ្ញាបនប័ត្រសម្គាល់អចលនៈវត្ថុពីលោក ខុន សិរីរដ្ឋា អភិបាលស្រុកអង្គស្នួល។

ប្រជាពលរដ្ឋចំនួន 248 គ្រួសារ ទទួលបាននូវវិញ្ញាបនប័ត្រសម្គាល់អចលនៈវត្ថុពីលោក ខុន សិរីរដ្ឋា អភិបាលស្រុកអង្គស្នួល។

កណ្តាលល ថ្ងៃទី29 ខែសីហា ឆ្នាំ2022នេះ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានអញ្ជើញដឹកនាំ លោក លោកស្រី អភិបាលរងស្រុក មន្រ្តីរាជការ និងអាជ្ញាធរឃុំម្កាក់ ចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋនៅតាមគេហដ្ឋាន សរុបចំនួន 248 គ្រួសារ ស្ថិតនៅក្នុង ភូមិបឹងថ្នល់ ភូមិចំការចិន និងភូមិចុងបឹង នៃឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នាឱកាសនេះ លោកអភិបាលស្រុក អង្គស្នួល បាននាំយកនូវការសាកសួរសុខទុក្ខរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជូនដល់ប្រជាពលរដ្ឋ ទាំង 248 គ្រួសារ និងថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំង3ភូមិដែលបានចូលរួមសហការក្នុងការចុះបញ្ជីលក្ខណៈជាប្រព័ន្ធដែលជាគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ។

លោកអភិបាលស្រុកបានថ្លែងបន្តទៀតថាការចុះបញ្ជីដីធ្លី គឺជាផ្នែកដ៏មានសារៈសំខាន់មួយក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល គោលបំណងជាទូទៅ គឺសំដៅពង្រឹងសន្តិសុខកម្មសិទ្ធិដីធ្លី ទីផ្សារដីធ្លី ទប់ស្កាត់ ឬដោះស្រាយជម្លោះដីធ្លី គ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយសមធម៌ និរន្តរភាព និងប្រសិទ្ធភាព ព្រមទាំងជំរុញការបែងចែកដីធ្លីប្រកបដោយសមធម៌ ដោយរក្សានិរន្តរភាពបរិស្ថាន និងទប់ស្កាត់ការចូលចូលទន្រ្ទានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ។ល។

អាស្រ័យហេតុនេះរដ្ឋបាលស្រុកសង្ឃឹមយ៉ាងមុតមាំថាសមិទ្ធផលថ្មីនៃការចុះបញ្ជីដីធ្លី និងការចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាឱកាសនេះ បានបង្ហាញអំពីលក្ខខណ្ឌគតិយុត្តទទួលស្គាល់ជាផ្លូវច្បាប់យ៉ាងពេញលេញ និងរឹងមាំជូនដល់ម្ចាស់កម្មសិទ្ធិដែលកំពុងកាន់កាប់ និងអាស្រ័យជាក់ស្តែងលើដីធ្លីរបស់ខ្លួន មានភាពច្បាស់លាស់ទាំងទីតាំងនិយាមការ្យក្បាលដី ទំហំ និងប្រភេទដី និងកាត់បន្ថយទំនាស់នានាដែលកើតមានអំពីភាពមិនច្បាស់លាស់នៃការកាន់កាប់កន្លងមក ។

សមិទ្ធផលទាំងនេះបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណចក្រកម្ពុជា ជាអគ្គមគ្គុទ្ទេសដ៏ឆ្នើមបំផុត ដែលជានិច្ចជាកាល សម្តេច តែងបានគិតគួរអំពីសុខទុក្ខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

សូមបញ្ជាក់ថា គិតចាប់ពី 2014ដល់ឆ្នាំ2022 ស្រុកអង្គស្នួល បានចុះបញ្ជីលក្ខណៈប្រព័ន្ធបានចំនួន 5ឃុំបន្ថែមទៀតរួមមាន ឃុំបែកចាន ចុះបញ្ជីបានចំនួន 21ភូមិ ស្មើនឹង 9,239ក្បាលដី ឃុំក្រាំងម្កាក់ ចុះបញ្ជីបានចំនួន 15ភូមិ ស្មើនឹង 6,048ក្បាលដី ឃុំឆក់ឈើនាង ចុះបញ្ជីបានចំនួន 10ភូមិ ស្មើនឹង 4,089ក្បាលដី ឃុំសំរោងលើ ចុះបញ្ជីបានចំនួន 28ភូមិ ស្មើនឹង11,412ក្បាលដី និងឃុំម្កាក់ ចុះបញ្ជីបានចំនួន 22ភូមិ ស្មើនឹង15,683ក្បាលដី សរុប 5ឃុំ ចំនួន 96ភូមិ ស្មើនឹង 46,471ក្បាលដី ។

ហើយបច្ចុប្បន្ន ក្រុមការងារបាននិងកំពុងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅឃុំម្កាក់ ដែលមានភូមិសរុប 29ភូមិ

ជាលទ្ធផល ប្រកាសតំបន់វិនិច្ឆ័យ ចំនួន 29ភូមិ ប្រមូលទិន្នន័យក្បាលដីចំនួន 15,683ក្បាលដី បិទផ្សាយទិន្នន័យក្បាលដីចំនួន 13,146ក្បាលដី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន11,201 ប័ណ្ណ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន 3,299 ប័ណ្ណ (នៅសល់ 7,902 ប័ណ្ណ)។

Leave a Reply

Your email address will not be published. Required fields are marked *