ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុចំនួន 2,182 ក្បាលដី ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។
នៅថ្ងៃទី 27 ខែសីហា ឆ្នាំ 2022 នេះ ដោយមានការអញ្ជើញចូលរួមពី«ប្រជាពលរដ្ឋមកពីភូមិចំនួន 3 រួមមានភូមិចំការចិន ភូមិបឹងថ្នល់ និងភូមិចុងបឹង ស្ថិតក្នុងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ចំនួន 2,182 ក្បាលដី ត្រូវបានប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនអ្នកកាន់កាប់ដីធ្លីសម្រាប់ប្រើប្រាស់ស្របច្បាប់»។
ឯកឧត្តមបានជម្រាបជូនថា គិតមកដល់ពេលនេះ រដ្ឋបាលខេត្តកណ្តាល បានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋ សរុបចំនួន167លើក ស្មើនឹង 246,775 ប័ណ្ណ ត្រូវបានប្រគល់ជូនអ្នកកាន់កាប់ដីធ្លី សម្រាប់ប្រើប្រាស់ស្របច្បាប់រួចរាល់ហើយ។
ការចែកប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថិរភាពសង្គម។
ការផ្ដល់កម្មសិទ្ធិដីធ្លីនេះ គឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខិតខំបង្កើនផលិតភាពក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្ម ឱ្យកាន់តែកើនឡើងថែមទៀត។ លើសពីនេះទៀតបងប្អូនប្រជាពលរដ្ឋក៏អាចប្រើប្រាស់ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទៅបង្កើតជាសិទ្ធប្រាតិភោគ (ការដាក់បញ្ចាំដាក់ ហ៊ីប៉ូតែក…) ដើម្បីយកប្រាក់មកប្រើប្រាស់លើកិច្ចការផ្សេងៗ ដែលជាតម្រូវការរបស់បងប្អូន ហើយប័ណ្ណកម្មសិទ្ធិនេះបង្កជាលក្ខណៈងាយស្រួលក្នុងការធ្វើជាមរតក ឬអំណោយចែកជូនកូនចៅ និងបង្កលក្ខណៈកាន់តែងាយស្រួលក្នុងការលក់ ដូរ ឬផ្ទេរកម្មសិទ្ធិផងដែរ៕