ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី23 ខែសីហា ឆ្នាំ2022នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ 3,075នាក់។ 

នៅព្រឹកថ្ងៃទី23 ខែសីហា ឆ្នាំ2022នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ 3,075នាក់។

និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា2019-2020 និងឆ្នាំសិក្សា2020-2021។ ក្នុងនោះមាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន 66នាក់។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ី-អឺរ៉ុបនាថ្ងៃនេះ និងបានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់។ សម្តេចតេជោ បានកោតសរសើរក្រសួងអប់រំយុវជននិងកីឡា ដែលបានយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសជម្នះការលំបាកក្នុងពេលមានវិបត្តិជំងឺកូវីដ19។ សម្តេចតេជោបានមានប្រសាសន៍ថា ជំងឺកូវីដ19 ត្បិតនាំមកនូវវិបត្តិសម្រាប់ការសិក្សាតែក៏បានធ្វើឱ្យមានកាលានុវត្តន៍ភាពលើប្រព័ន្ធឌីជីថលផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរដល់គ្រឹះស្ថានសិក្សាទាំងអស់ ដែលបានប្រឹងប្រែងជម្នះការលំបាកពេលមានវិបត្តិជំងឺកូវីដ19 ដោយមិនទុកឱ្យសាលាត្រូវដួល ឬសិស្សបាត់បង់ការអប់រំនោះឡើយ។ សម្តេចតេជោបានថ្លែងថា ការចូលរួមអនុវត្តន៍វិធានការ «3កុំ និង3ការពារ» និងការចូលរួមទទួលយកវ៉ាក់សាំងសុទ្ធសឹងជាការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 ហើយធ្វើឱ្យកម្ពុជាយកឈ្នះលើការរាតត្បាតជំងឺកូវីដ19។ការយកឈ្នះលើជំងឺកូវីដ19បានធ្វើឱ្យកម្ពុជាអាចរៀបចំកិច្ចប្រជុំកម្រិតតំបន់ និងអន្តរជាតិឡើងវិញ កាលពីខែដើមខែសីហា កន្លងទៅនេះ។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់និស្សិតទាំងអស់ ដែលបានប្រឹងប្រែងសិក្សារៀនសូត្រក្នុងដំណាក់កាលដ៏លំបាក នៃការរាតត្បាតជំងឺកូវីដ19។

សម្តេចតេជោបានមានប្រសាសន៍រំលឹកថា ក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឆ្នាំ1979 ការបណ្តុះបណ្តាលនៅកម្ពុជាជួបការលំបាកខ្លាំងណាស់ ក្នុងនោះគ្រូបង្រៀនត្រូវបានជ្រើសរើសអ្នកដែលមិនធ្លាប់មានបទពិសោធន៍ក្នុងការបង្រៀនដោយអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ រហូតដល់យើងមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដល់ពេលបច្ចុប្បន្ននេះ។

នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានមានមានប្រសាសន៍ថា ការបើកបង្រៀនភាសាវៀតណាម នៅសាលាភូមិន្ទភ្នំពេញ គឺផ្តល់ផលចំណេញសម្រាប់កម្ពុជា។ ការបើកបង្រៀនភាសាវៀតណាមនេះ មិនមែនយកនិស្សិតវៀតណាម មកបង្រៀននៅកម្ពុជានោះទេ គឺដើម្បីជួយសម្រួលសម្រាប់និស្សិតទៅសិក្សានៅវៀតណាម សម្រួលការធ្វើធុរកិច្ច និងបំពេញការងារផ្សេងៗ។

ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ទៅវៀតណាមនាពេលថ្មីៗនេះ សម្តេចតេជោបានថ្លែងថា ដំណើរទស្សនកិច្ចរបស់ ហ៊ុន ម៉ាណែត នៅវៀតណាម គឺមានការរៀបចំកម្មវិធីជំនួបតិចជាងដំណើរទស្សនកិច្ចនៅជប៉ុន និងសិង្ហបុរីនោះទេ ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការសោកស្តាយ ដែលក្រុមអ្នកវិភាគមួយចំនួនមិនលើកពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅជប៉ុន។

 

ជាថ្មីម្ដងទៀត សម្ដេចតេជោនៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ19 ជាបន្តទៀតនិងបានជូនពរនិស្សិត ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *