ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា​ ជួបសម្តែងការគួសម​ និងពិភាក្សាការងារ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា​ ជួបសម្តែងការគួសម​ និងពិភាក្សាការងារ។

លោក វិទិត មុនតាប៊ន បានសម្ដែងនូវការគោរពដ៏ស្មោះជូនចំពោះសម្ដេចតេជោ នូវភាពជោគជ័យលើការចាក់ស្រោចវ៉ាក់សាំងការពារជំងឺកូវីដ19 នៅព្រះរាជាណាចក្រកម្ពុជា ហើយលោកក៏បានឆ្លៀតឱកាសនោះ សូមគោរពស្វែងយល់អំពីសម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ាន អំពីទី1-តួនាទីរបស់កម្ពុជា ក្នុងការជំរុញសិទ្ធិមនុស្សក្នុងនាមជាប្រធានអាស៊ាន, ទី2-ស្ថានភាពសេដ្ឋកិច្ច និងវឌ្ឍនភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងបរិការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ19 ទី3-លំហរស៊ីវិល លំហរប្រជាធិបតេយ្យ និងការបោះឆ្នោត និងទី4-អាទិភាពសម្រាប់ជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការទៅអនាគត រវាងអ្នកកាន់អាណត្តិពិសេស និងរាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងជំរុញអនុវត្តគោលនយោបាយគាំពារសង្គម ជាពិសេសការជួយគាំពារជនក្រីក្រ និងជនរងគ្រោះដោយជំងឺកូវីដ19 ការដំឡើងបៀវត្សរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ការកែសម្រួលប្រាក់សោធននិវត្ត មន្ត្រីរាជការ និងអតីតយុទ្ធជន ការអនុវត្តន៍ប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត។ ការរីករាលដាលនៃជំងឺកូវីត19 បានផ្លាស់ប្ដូរសេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំង ព្រមទាំងបានជះឥទ្ធិពលលើគ្រប់វិស័យនៅកម្ពុជា ក្នុងបរិការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ19។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការបន្ទាន់ ម៉ត់ចត់ ស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីគាំទ្រវិស័យសេដ្ឋកិច្ច និងគាំពារសង្គមមានដូចជា៖ ការបញ្ចេញកញ្ចប់ថវិកា និងដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ19 ដែលនេះ គឺជាការធានាដល់ផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ។

សិទ្ធិរស់រានមានជីវិត ត្រូវបានផ្ដល់ជាអាទិភាព និងសិទ្ធិទទួលបានព័ត៌មានតាមរយៈនៃការផ្សព្វផ្សាយយ៉ាងទូលំទូលាយជូនដល់ប្រជាពលរដ្ឋ យុទ្ធសាស្ត្រផ្ការីករបស់កម្ពុជា ក្នុងការចាក់ស្រោចវ៉ាក់សាំងកូវីដ19 ដោយឥតគិតថ្លៃ និងគ្មានការរើសអើង រួមទាំងអ្នកទោសនិងជនបរទេស ដោយបានសម្រេចនូវអត្រាការចាក់វ៉ាកសាំងជាង 94ភាគរយ នៃចំនួនប្រជាជនសរុប ។

 

សម្ដេចតេជោ បានបន្តថា ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាអាសន្ន ត្រូវបានអនុម័តនិងសម្រេចឲ្យប្រើប្រាស់។ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19 និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត ដែលច្បាប់ទាំងអស់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីការពារសន្តិសុខជាតិនិងសណ្ដាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការការពារទ្រព្យសម្បត្តិ និងបរិស្ថាន។

 

ការចោទប្រកាន់ថា បទប្បញ្ញតិ្តជាច្រើនត្រូវបានអនុម័ត ដើម្បីរឹតបន្តឹងលំហសង្គមស៊ីវិល គឺពុំផ្អែកលើមូលដ្ឋានត្រឹមត្រូវការពិត ។ រាល់ច្បាប់និងលិខិតបទដ្ឋានគតិយុត្តទាំងអស់ ដែលបានអនុម័ត រួមទាំងក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ19 គឺប្រកាន់ខ្ជាប់នូវគោលការណ៍នេះ និត្យានុកូលភាព ភាពចាំបាច់ និងសមាមាត្រដោយមានគោលបំណងតែមួយគត់ គឺដើម្បីសង្គ្រោះអាយុជីវិត ការពារពលរដ្ឋដែលគោរពច្បាប់និងទប់ស្កាត់អំពើល្មើសច្បាប់នានា ដែលបង្កអំពើអស្ថេរភាពសង្គម ប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងសណ្ដាប់ធ្នាប់សាធារណៈ។

 

ពាក់ព័ន្ធនិងលំហស៊ីវិលប្រជាធិបតេយ្យ និងការបោះឆ្នោត សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងនិយាមនៃការអនុវត្តជាសកលលទ្ធិប្រជាធិបតេយ្យត្រូវដើរតួទន្ទឹមនឹងនីតិរដ្ឋ។ ការអនុវត្តលទ្ធិប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋនិងនាំទៅជាអាណាធិបតេយ្យ។ ក្នុងស្មារតីនេះ កម្ពុជាចង់ឲ្យតួអង្គទាំងអស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យ មានការទទួលខុសត្រូវ ធ្វើការរិះគន់ដោយស្ថាបនាមិនអ៊ុជអាល មិនបង្កើតការស្អប់ខ្ពើមរវាងពូជសាសន៍ ជាពិសេសមិនសាបព្រួសការស្អប់រវាងប្រជាជាតិខ្មែរនិងខ្មែរ ដែលអាចនាំនូវសង្រ្គាមស៊ីវិល ការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ និងការរក្សាសន្តិភាព ស្ថេរភាព មានការអាស្រ័យគ្នាទៅវិញទៅមកមិនអាចខ្វះណាមួយបាន។

 

ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតទៀងទាត់ ចាប់តាំងពីឆ្នាំ1993 ហើយមកដល់ពេលនេះ កម្ពុជាបានរៀបចំការបោះឆ្នោតសកលចំនួន6ដង និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ 5ដង ដែលត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិវាយតម្លៃថា បានប្រព្រឹត្តទៅដោយតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។ កម្ពុជា មានមោទនភាពចំពោះជោគជ័យនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី5 កាលពីថ្ងៃទី5 ខែមិថុនា ឆ្នាំ2022 កន្លងទៅ ដោយបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា៕

Leave a Reply

Your email address will not be published. Required fields are marked *