ព័ត៌មានជាតិ

លោកឧកញ៉ា តាក់ ជីឡៅ ចូលរួមស្ថាបនាផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងភូមិឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកឧកញ៉ា តាក់ ជីឡៅ ចូលរួមស្ថាបនាផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងភូមិឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។

កណ្តាល: នាព្រឹកថ្ងៃទី7 ខែ សីហា ឆ្នាំ2022នេះ លោកឧកញ៉ា តាក់ ជីឡៅ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ ឆក់ឈើនាង តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ូ គឹមស៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំ ឆក់ឈើនាង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយបើកការដ្ឋានសាងសងផ្លូវបេតុងប្រវែង 330ម៉ែត្រ ទទឹង8ម៉ែត្រ កម្រាស់0.20ម៉ែត្រ ស្ថិតនៅភូមិកណ្តាល ឃុំ ឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

នៅពិធីនេះមានការអញ្ជើញចូលរួមពីលោក យ៉ែម យ៉ុន អនុប្រធានក្រុមការងារគណបក្សចុះឃុំឆក់ឈើនាង លោក ពិន កែវណារិទ្ធ មន្ត្រីគ10 លោកស្រី ស៊ឹម ណាង មេឃុំឆក់ឈើនាង លោក ផុន វណ្ណថេត សមាជិកក្រុមប្រឹក្សាឃុំឆក់ឈើនាង និង លោក លោកស្រី មេភូមិ មេភូមិរងនិងជំនួយការ ភូមិកណ្តាល និងប្រជាពលរដ្ឋភូមិកណ្តាលសរុបចំនួន64នាក់ ។

ឯកឧត្ដម តាក់ ជីឡៅ មានប្រសាសន៍ថា ផ្លូវបេតុងដែលនិងត្រូវសាងសង់នៅពេលនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំ ឆក់ឈើនាង ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកអង្គស្នួលផងដែរ ព្រោះនៅពេលផ្លូវបេតុងនេះសាងសង់រួច អាចសម្រួលដល់ការធ្វើដំណើរ ទៅវិញទៅមក ហើយពិសេសមានភាពងាយស្រួលក្នុងការដឹកកសិផល របស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងឃុំទៅកាន់ទីផ្សារផងដែរ។

ឯកឧត្ដមបន្តថា សមិទ្ធផលផ្លូវបេតុងនេះ គឺបានមកដោយសារប្រទេស មានសុខសន្តិភាព ស្ថេរភាព ពេញលេញទូទាំងប្រទេស ហើយកត្តាសន្តិភាពនេះហើយ ដែលបានធ្វើអោយប្រទេសមានការអភិវឌ្ឍ នៅគ្រប់កន្លែង និងគ្រប់វិស័យ គឺបានដោយសារថ្នាក់ដឹងនាំរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមក៏បាន ស្នើដល់អាជ្ញាធរស្រុក និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា ដើម្បីអោយប្រទេសរបស់យើង មានបន្តអភិវឌ្ឍន៍ និងរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម បានអំពាវនាវ សូមអោយប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ និងរស់នៅអមផ្លូវ សូមមេត្តាជួយថែរក្សាផ្លូវឲ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួម ហើយការធ្វើដំណើរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងដោយយថាហេតុណាមួយ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការរួបរួមសាមគ្គីគ្នា រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងខេត្ត ពិសេសការចូលរួម និងសហការបានល្អរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់។

Leave a Reply

Your email address will not be published. Required fields are marked *