នៅព្រឹកថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2022 នេះ ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលសៀវភៅដែលមានចំណងជើងថា( កូនប្រុសច្បងនាយករដ្ឋមន្រ្តី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត) ពី ឯកឧត្តម ឆាយ សុផល អ្នកចងក្រងសៀវភៅចំនួន100 ច្បាប់
សៀវភៅស្តីអំពីប្រវត្តិបុគ្គល បែបប្រវត្តិសាស្រ្តសម្រាប់មិត្តអ្នកអានមានចំណងជើងថា ( កូនប្រុសច្បងនាយករដ្ឋមន្រ្តី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត ) ដែលចងក្រងរៀបចំឡើងដោយ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអ្នកចងក្រងសៀវភៅ បាននាំយកមកប្រគល់ជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចំនួន100 ច្បាប់ ដើម្បីទុកចែកជូនថ្នាក់ដឹកនាំមន្រ្តីក្រសួងព័ត៌មានបានអាននិងយល់ដឹងទាំងអស់គ្នា។
តាមការបញ្ជាក់របស់ ឯកឧត្តម ឆាយ សុផល បានអោយដឹងថា សៀវភៅកូនប្រុសច្បងនាយករដ្ឋមន្ត្រី ( ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត ) ត្រូវបានបោះពុម្ពលើកទី1 ចំនួន20,000 ច្បាប់ គឺជាឯកសារជំនួយស្មារតីនិងក៏ជាសៀវភៅប្រវត្តិសាស្ត្រមួយផងដែរ សម្រាប់មិត្តអ្នកអានជំនាន់ចាស់ថ្មី។
ផ្តើមចេញពីសៀវភៅ បងប្អូនប្រុសទាំង3 ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន ដែលឯកឧត្តម ឆាយ សុផល បានចងក្រងឡើង គឺផ្ដោតលើប្រវត្តិមួយចំនួនរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី ជាកូនប្រុសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។ សៀវភៅថ្មីនេះ បានសម្រេចយក តែប្រវត្តិរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត តែប៉ុណ្ណោះ។
នៅក្នុងសៀវភៅ កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត គឺមានចំណុចខ្លះដូចគ្នានៅក្នុងសៀវភៅបងប្អូនប្រុសទាំង 3ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន ប៉ុន្តែបានធ្វើបច្ចុប្បន្នភាពដោយបន្ថែមព័ត៌មានទទួលពីសម្តេចតេជោ ហ៊ុន សែន និងពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រួមទាំងបញ្ជូលសកម្មភាព និងព្រឹត្តការណ៍ថ្មីៗទាក់ទង និងឯកឧត្តម ហ៊ុន ម៉ាណែត។
ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះ ឯកឧត្តម ឆាយ សុផល ដែលបានចងក្រងបង្កើតស្នាដៃសៀវភៅដ៏មានសារសំខាន់នេះឡើង សម្រាប់អោយអ្នកអានបានយល់ដឹងសុីជម្រៅក្នុងកិច្ចការងារមួយចំនួន ។ ឯកឧត្តម រដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ឯកឧត្តម ឆាយ សុផល ក៏ដូចជាស្មេរ ដ៏ទៃទៀតបន្តសិក្សាស្រាវជ្រាវសរសេរចងក្រងសៀវភៅផ្សេងៗបន្តទៀត ដើម្បីទុកជាឯកសារជំនួយស្មារតី សម្រាប់យុវជនជំនាន់ក្រោយ បានសិក្សាស្រាវជ្រាវបន្ថែមទៀត។
ជាការលើកទឹកចិត្តដល់អ្នកនិពន្ធ សរសេរចងក្រងសៀវភៅ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្តល់ថវិកាចំនួន 2 លានរៀល ដល់ឯកឧត្តម ឆាយ សុផល នាឱកាសនេះផងដែរ៕