នៅព្រឹកថ្ងៃទី 7 ខែមីនា ឆ្នាំ 2022 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ ជំរុញឲ្យដោះស្រាយបញ្ហាសំរាម ស្ថិតក្នុងខេត្តកណ្ដាល។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់គោលការណ៍ណែនាំ លើការផ្តល់សេវាប្រមូលសំរាមក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ជាមួយក្រុមហ៊ុនស៊ិនទ្រី និងរដ្ឋបាលក្រុងតាខ្មៅដើម្បី ជម្រុញពង្រឹងការងារប្រមូលសំរាមអោយបានស្អាត។
ឯកឧត្តមបានបន្ថែមថា អាជ្ញាធរត្រូវណែនាំប្រជាពលរដ្ឋតាមខ្នងផ្ទះត្រូវរៀបចំទុកដាក់សម្រាមអោយបានត្រឹមត្រូវ និងបង្កើនការយកចិត្តទុកដាក់លើកិច្ចការពារបរិស្ថាន តាមរយៈការគិតគូរលើការពង្រឹងមុខងារគាំទ្រនិងសម្របសម្រួលកិច្ចដំណើរការសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សម្រាម អោយកាន់តែមានសណ្តាប់ធ្នាប់អនាម័យ និងសោភ័ណភាពល្អថែមទៀត។
ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមទុកដាក់សំរាមអោយបានត្រឹមត្រូវ តាមពេលវេលាកំណត់ កុំបោះចោលសំរាមតាមផ្លូវនិងប្រភពទឹក សូមចូលរួមបង់ថ្លៃសេវាប្រមូលសំរាមអោយបានទៀងទាត់។