ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់ការរុករានទន្ទ្រានដីព្រៃលិចទឹក។
នៅថ្ងៃទី 29 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ឯកឧត្តម ជា សុផារ៉ាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បីទប់ស្កាត់ការទន្ទ្រានកាន់កាប់យកដីនៅតំបន់ជុំវិញបឹងទន្លេសាប(តំបន់ 3 ) ។
ក្នុងឱកាសនោះឯកឧត្តម ជំរុញដល់អាជ្ញាធរគ្រប់អង្គភាពចូលរួមជាធ្លុងមួយទប់ស្កាត់ការទន្ទ្រានព្រៃលិចទឹកនិងរៀបចំសិក្សាដកហូតបន្ទាន់លើដីដែលកាន់កាប់ខុសច្បាប់មកជាសម្បត្តិរដ្ឋវិញគ្រប់ដីទាំងអស់ដែលត្រូវកាន់កាប់ត្រូវពិនិត្យឲ្យបានច្បាស់លាស់មិនត្រូវអោយជនឆ្លៀតឱកាសលួចទាញប្រយោជន៍ធ្វើជាកម្មសិទ្ធិដោយមានខ្នងបង្អែកជាអ្នកមានអំណាចឬមន្ត្រីជំនាញរូបណាមួយផ្សំគំនិតនោះឡើយ។
ទន្ទឹមនោះដីវិនិយោគសេដ្ឋកិច្ចឆ្នាំ 25 ឆ្នាំ ត្រូវមានឯកសារជាលាយលក្ខណ៍អក្សរច្បាស់លាស់ និងរៀបចំលិខិតបញ្ជាក់កិច្ចសន្យាបន្ទាន់ចំពោះដីដែលមានឯកសារមិនត្រឹមត្រូវតាមគោលការណ៍រដ្ឋបាលដើម្បីដកហូតយកមកជាសម្បត្តិរដ្ឋវិញហើយរាជរដ្ឋាភិបាលក៏មិនអនុញ្ញាតឲ្យមានសកម្មភាពទទ្រានដីព្រៃបន្ថែមឡើយ ជាពិសេសក៏មិនអាចកាត់ដីរបស់រដ្ឋឲ្យជនខិលខូច។ ប៉ុន្តែនិងដកហូតដោយឥតលក្ខខណ្ឌមកជាដីរបស់រដ្ឋវិញឲ្យខានតែបាន ទាក់ទងទៅនឹងករណីដែលមានកើតឡើងនៅក្នុងតំបន់ក្នុងខេត្តកំពង់ធំ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានស្នើឱ្យព្រះរាជអាជ្ញានិងតុលាការខេត្តកំពង់ធំ ពន្លឿននីតិវិធីនិងឈានទៅដល់ការកាត់ក្ដីលើសំណុំរឿងដីព្រៃលិចទឹកឲ្យបានឆាប់ដែលអាចធ្វើទៅបានក្នុងរយៈពេលដ៏ខ្លីខាងមុខរបស់រដ្ឋបាលខេត្តកំពង់ធំ។
បញ្ជាក់ថានៅខេត្តកំពង់ធំ មានករណីកាប់ទន្ទ្រានឈូសឆាយដីព្រៃលិចទឹកនិងកាន់កាប់ដីខុសច្បាប់មានចំនួន 40 ករណី លើផ្ទៃដីចំនួន 3,566,561 ហិចតា ចាប់ពីឆ្នាំ 2019 រហូតដល់ឆ្នាំ 2021 ស្ថិតក្នុងស្រុកចំនួន 4 ក្រុងស្ទឹងសែនមាន3ករណី ស្រុកបារាយណ៍ មានចំនួន2ករណី ស្រុកស្ទោងមាន 6 ករណី និងស្រុកកំពង់ស្វាយមាន 19 ករណី ដែលក្នុងនោះនៅឆ្នាំ 2019 មាន 14 ករណី ស្មើនឹង 943,165 ហិចតា ស្ថិតក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ។
ឆ្នាំ 2020 មានចំនួន 12 ករណី ស្មើនឹង 190,5 ហិចតា ស្ថិតក្នុងស្រុកកំពង់ស្វាយ និងស្រុកបារាយណ៍ និងឆ្នាំ 2021 មានចំនួន 14 ករណី ស្មើនឹង1213,336 ហិចតា ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន ។
ករណីទាំងអស់នេះត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ធំ រួចរាល់អស់ហើយក៏កំពុងស្ថិតក្នុងដៃចៅក្រមស៊ើបសួរ btv។