ព័ត៌មានជាតិ

ឯកឧត្ដម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ឯកឧត្ដម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក្នុងជំនួបពិភាក្សានោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់ ហិរញ្ញប្បទានឥតសំណងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម និងវិស័យអភិបាលកិច្ចនិងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ រដ្ឋាភិបាលអាមេរិក ក្នុងការជួយទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ19 តាមរយៈ ការផ្តល់ហិរញ្ញប្បទាន ឥតសំណងសរុបប្រមាណជា 15 លានដុល្លារអាមេរិក ដោយក្នុងនោះថវិកាទាំងនះត្រូវបានផ្តល់ជូនឱ្យប្រើប្រាស់តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 និងប្រើប្រាស់ផងដែរសម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ19 នៅកម្ពុជា ។ លើសពីនេះ នាពេលថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានផ្តល់ជាវ៉ាក់សាំងបង្ការជំងឺកូវីដ19 Johnson & Johnson ចំនួន 1,060,100ដូស ដែលត្រូវផ្តល់តាមរយៈយន្តការ COVAX ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាជនកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត Patrick Murphy បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមកទល់ពេលនេះសម្រេចបានលទ្ធផលល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ប្រកបដោយជោគជ័យតាមរយៈការបើកដំណើរការសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ ជាពិសេស ការបើកទទួលទេសចរអន្តរជាតិឡើងវិញដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ដោយនេះជាយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធសាស្រ្តសំខាន់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីផលប៉ះពាល់នៃការរីការាល់ដាលនៃ ជំងឺកូវីដ19 ផងដែរ ។

 

រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង ឬកម្មវិធីនានា ដែលជួយកែលម្អគុណភាពនៃសេវាសុខាភិបាល លើកកម្ពស់សន្តិសុខស្បៀង និងកែលម្អជីវភាពរបស់ប្រជាជន ជាពិសេសប្រជាជននៅជនបទ អ្នកបាត់បង់ការងារនៅទីក្រុង ស្ត្រីរងគ្រោះដោយសារអំពើហឹង្សា និងជនពិការ ។

 

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានកត់សម្គាល់លើចំណុចវិជ្ជមាននៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ទាំងវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់នានាថ្មីនេះផងដែរ ។

 

ជាទីបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់រដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានរួមវិភាគទានដ៏ថ្លៃថ្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ។ ភាគីទាំងពីរនឹងបន្តពូនជ្រុំមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឲ្យកាន់តែរឹងមាំថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *