នៅរសៀលថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ 2021 នេះវេលាម៉ោង 3:00 ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក កៅ រី អនុប្រធាននាយកដ្ឋាន គ្រប់គ្រងសំភារៈ និងសម្បត្តិរដ្ឋ នៃក្រសួងព័ត៌មាន។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមជាមួយថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន បានអញ្ជើញទៅធ្វើការគោរពវិញ្ញាណក្ខន្ធសព លោក កៅ រី អនុប្រធាននាយកដ្ឋាន គ្រប់គ្រងសំភារៈ និងសម្បត្តិរដ្ឋ នៃក្រសួងព័ត៌មាន ដែលបានទទួលមរណភាពកាលពីវេលាម៉ោង 03: 40 នាទីទាបភ្លឺ ឈានចូលថ្ងៃសុក្រទី12 ខែវិច្ឆិកា ឆ្នាំ2021 ជន្មាយុ51 ឆ្នាំ ដោយរោគាពាធ ហើយសព ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសានានៅគេហដ្ឋានសព ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក កៅ រី បានចូលបំរើការងារនៅក្រសួងស្ថាប័នតាំងពីជាង30 ឆ្នាំមុន រួមទាំងនៅក្នុងក្រសួងព័ត៌មានផងដែរជាមួយគ្នានេះដែរលោក កៅ រី ក៏ជាអ្នកបើករបររថយន្ត អោយ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជាង30 ឆ្នាំមកហើយដែរ។
នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការចូលរួមរំលែកទុក្ខជាមួយលោក កៅ សាម៉ន ត្រូវជាឳពុកបង្កើត លោក កៅ រី ព្រមទាំងក្រុមគ្រួសារ នៃសព ហើយក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងព័ត៌មាន មានសេចក្តីក្រៀមក្រំក្នុងចិត្តឥតឧបមា និងសោកស្ដាយជាអនេក ដោយបានទទួលដំណឹងថាលោក កៅ រី ត្រូវជាបិតាបានទទួលមរណភាពទៅហើយ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្រ្តី សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយ ក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ហើយសូមបួងសួងឲ្យវិញ្ញាណក្ខ័ន្ធសព លោក កៅ រី បានទៅសោយសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
តាមកម្មវិធីបុណ្យបូជាសព លោក កៅ នឹងត្រូវដង្ហែចេញពីគេហដ្ឋានឆ្ពោះទៅវត្តអង្គតាមិញ នៅព្រឹកថ្ងៃអាទិត្យទី14 ខែវិច្ឆិកា ឆ្នាំ2021 ពិធីបុណ្យខួបគម្រប់ 7 ថ្ងៃ និង 100ថ្ងៃសព លោក កៅ រី ប្រព្រឹត្តទៅនៅថ្ងៃទី17 និង 18ខែវិច្ឆិកា ឆ្នាំ2021 នៅគេហដ្ឋាននៃសព ផ្ទះលេខ785ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕