នៅព្រឹកថ្ងៃទី 22 ខែវិច្ឆិកាឆ្នាំ 2021នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អនុញ្ញាតឱ្យប្រតិភូរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចូលជួបសំដែងការគួរសម។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អនុញ្ញាតឱ្យប្រតិភូរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ដឹកនាំដោយឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ចូលជួបសំដែងការគួរសម នៅសាលាខេត្តកណ្ដាល។
ក្នុងជំនួបសម្តែងការគួរសមនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើសុំដល់រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ សូមជួយបំពេញបន្ថែម ដល់ការផ្គត់ផ្គង់ទឹកនៅក្រុងតាខ្មៅ ឱ្យធានាបាននូវការប្រើប្រាស់គ្រប់គ្រាន់ និងមាននិរន្តភាពទូទាំងក្រុងតាខ្មៅ។
ឯកឧត្តមអភិបាលខេត្ត បន្តថាក្រុងតាខ្មៅមានសង្កាត់ចំនួន4 ដែលទើបកាត់មកពីស្រុកស្អាង នៅមិនទាន់មានទឹកប្រើប្រាស់គ្រប់គ្រាន់នៅឡើយទេ ដូច្នេះឯកឧត្តមបានស្នើសុំដល់រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ សូមជួយសិក្សាបន្ថែម និងរកដំណោះស្រាយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅសង្កាត់ចំនួន4 ដែលទើបកាត់មកពីស្រុកស្អាង ឱ្យមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងធានាដល់និរន្តភាពផងដែរ។
ក្នុងជំនួបនេះដែរ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ បានជម្រាបពីគម្រោងក្នុងការផ្គត់ផ្គង់ទឹក សម្រាប់ក្រុងតាខ្មៅទាំងមូល នៅក្នុងផែនការឆ្នាំ2024និងទិសដៅឆ្នាំ2030ខាងនេះ ដោយ ឯកឧត្តម បានលើកឡើងថា នៅក្នុងឆ្នាំ2024 ខាងមុខនេះ រដ្ឋាករទឹកស្វយ័តភ្នំពេញ នឹងអាចផលិតទឹកបន្ថែមបាន 3ម៉ឺនម៉ែត្រគីបបន្ថែមទៀត សម្រាប់ប្រើប្រាស់នៅក្រុងតាខ្មៅ និងនៅឆ្នាំ2030 រដ្ឋាករស្វយ័តក្រុងភ្នំពេញ គ្រោងនឹងបង្កើតរោងចក្របន្ថែមក្នុងក្រុងតាខ្មៅ ដែលអាចផលិតទឹកបាន 6ម៉ឺនម៉ែត្រគីបបន្ថែមទៀត ដែលអាចផ្គត់ផ្គង់បាននៅទូទាំងក្រុងតាខ្មៅ ពិសេសបានពង្រីកនូវវិសាលភាព ប្រើប្រាស់បានគ្រប់គ្រាន់ នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីផងដែរ។
ទន្ទឹមនឹងនោះផងដែរ ឯកឧត្តមអគ្គនាយក ក៏បានជម្រាបពីគម្រោងបន្ថែមថា រដ្ឋាករទឹកស្វយ័តភ្នំពេញ និងពង្រីកវិសាលភាពរបស់ខ្លួន សម្រាប់ភូមិសាស្រ្តខេត្តដែលជាប់ព្រំប្រទល់រាជធានីភ្នំពេញ ឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងមានតម្លៃដូចនៅរាជធានីភ្នំពេញផងដែរ។
ក្នុងនោះដែរ ក្នុងក្រុងតាខ្មៅនឹងមានការពង្រាយនៅទីយោទឹកទំហំ 60សង់ទីម៉ែត្រ នៅត្រង់ផ្លូវជាតិលេខ21 និងផ្លូវជាតិលេខ 2ឆ្ពោះទៅព្រែកហូរ ដែលការពង្រាយទីយោទឹកនេះផងដែរ ឯកឧត្តមអគ្គនាយក បានស្នើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសរដ្ឋបាលខេត្ត សូមជួយសហការ និងគាំទ្រនូវការអនុវត្តគម្រោងនេះ ដើម្បីឱ្យទទួលបាននូវលទ្ធផលល្អផងដែរ។
ក្នុងឱកាសនោះដែរមានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននាំយកនូវម៉ាសចំនួន1ម៉ឺនម៉ាស់ និងអាកុល 10កាន សម្រាប់ឧបត្ថម្ភដល់រដ្ឋបាលខេត្តផងដែរ។