សម្តេចតេជោ ហ៊ុន សែននឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី38 និង39 និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ពីថ្ងៃទី26 ដល់ថ្ងៃទី 28ខែតុលា ឆ្នាំ201 តាមប្រព័ន្ធវីដេអូ។
តបតាមការអញ្ជើញរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូស្សាឡាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី38 និង៣39 និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ពីថ្ងៃទី26 ដល់ថ្ងៃទី 28 ខែតុលា ឆ្នាំ2021 តាមប្រព័ន្ធវីដេអូ។
អញ្ជើញអម សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំ រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្រី្តជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំដូចខាងក្រោម៖
– ប្រជុំកំពូលអាស៊ានលើកទី38 និងលើកទី39
– កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី22
– កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី24
– កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី9
– កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី24
– កិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្រ្ដាលី លើកទី1
– កិច្ចប្រជុំកំពូលអាស៊ានបូក3 លើកទី24
– កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី16
– កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី18 និង
– កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី4 ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ 30ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ។
នៅថ្ងៃទី 28 ខែតុលា ឆ្នាំ2021 សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើបទអន្តរាគមន៍ ផងដែរ នៅក្នុងពិធីបិទ ក្រោយពីព្រុយណេប្រគល់តំណែងប្រធានអាស៊ានឆ្នាំ2022 ជូនព្រះរាជា-ណាចក្រកម្ពុជា ៕