សម្តេចតេជោ ហ៊ុន សែន នឹងផ្ញើសុន្ទរកថាជាលាយលក្ខណ៍អក្សរចូលរួមកិច្ចប្រជុំកំពូលកូវីដ19 ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ»។
នៅថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2021នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្ញើសុន្ទរកថាជាលាយលក្ខណ៍អក្សរចូលរួមកិច្ចប្រជុំកំពូលកូវីដ19 ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ» ដែលត្រូវបានរៀបចំឡើងដោយ ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី 22 ខែកញ្ញា ឆ្នាំ2021។
កិច្ចប្រជុំកំពូលនេះ នឹងផ្តោតលើការចាក់វ៉ាក់សាំងបង្ការដល់ពិភពលោក ការជួយសង្គ្រោះជីវិត ការកសាងសន្តិសុខសុខភាពឱ្យកាន់តែប្រសើរឡើង និងការធ្វើសកម្មភាពដើម្បីវឌ្ឍនភាព និងការឯកភាពលើសេចក្តីព្រាងគោលដៅ។
សុន្ទរកថារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងគូសបញ្ជាក់ពីភាពចាំបាច់បន្ទាន់ក្នុងការរួមគ្នាទប់ស្កាត់ជំងឺឆ្លងកូវីដ19 ក្នុងស្មារតីមនុស្សធម៌ស្មោះត្រង់ និងគ្មានរបៀបវារៈនយោបាយនៅពីក្រោយ ដើម្បីអាចចាប់ផ្តើមដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញ ប្រកបដោយសុវត្ថិភាព។
សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ផងដែរលើសារៈសំខាន់នៃការរួមបញ្ចូលវ៉ាក់សាំងទាំងអស់ដែលអង្គការសុខភាពពិភពលោកទទួលស្គាល់ ដែលជាយុទ្ធសាស្ត្រសកលដ៏ល្អ ដោយគ្មានការរើសអើង ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ នឹងជំរាបជូនសម័យប្រជុំកំពូលពីវិធានការប្រកបដោយប្រសិទ្ធភាព និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 និងពង្រឹងភាពធន់ និងការអភិវឌ្ឍនប្រកបដោយចីរភាព នៅក្នុងតំណាក់កាលក្រោយវិបត្តិកូវីដ19។
សុន្ទរកថារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំកំពូលនេះ បានឆ្លុះបញ្ចាំងពីសាមគ្គីភាពនិងការប្តេជ្ញាចិត្តដ៏រឹងមាំរបស់កម្ពុជា ជាមួយកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 នៅក្នុងស្មារតី «គ្មាននរណាម្នាក់មានសុវត្ថិភាពទេ ដរាបណាមនុស្សគ្រប់គ្នាមិនមានសុវត្ថិភាព» ។