អបអរសាទរក្នុងកម្មវិធី ( រាត្រីចងចាំ ) យើងមានតារាចំរៀង6ដួង ស្ម័គ្រចិត្តរួមគ្នាច្រៀង និងសម្តែង ដើម្បីលើកស្ទួយយវប្បធម៌ជាតិ ។
តារាចម្រៀងល្បីៗ ចំនួន6ដួង បានស្ម័គ្រចិត្តរួមគ្នាច្រៀង និងសម្ដែងបទចម្រៀង ដើម្បីចូលរួមលើកស្ទួយវប្បធម៌ជាតិ នៅក្នុងកម្មវិធី ( រាត្រីចងចាំឆ្នាំ2021នេះ ) ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ការចូលរួមដោយស្ម័គ្រចិត្តរបស់តារាចម្រៀងទាំងអស់ខាងលើ ក្នុងនាម ជាសិល្បករក្រៅប្រព័ន្ធដែលក្នុងនោះរួមមាន1-អ្នកនាង ម៉េង កែវពេជ្ជតា 2-លោក យ៉ែម សំអូន 3-អ្នកនាង កែវ ចន្ទសម្ផស្ស 4-អ្នកនាង ទៀងមុំ សុធាវី 5-លោក ជឹម ជឿន និង6 កញ្ញា ឈិន ម៉ានិច គឺដើម្បីលើកកម្ពស់កិត្យានុភាពនៃសិល្បៈវប្បធម៌ជាតិយើង ឲ្យកាន់តែរុងរឿងថែមទៀត។ ម្យ៉ាងទៀតក៏សូមសំណូមពរដល់ប្រជាពលរដ្ឋខ្មែរទូទៅ សូមចូលរួមគាំទ្រលើកទឹកចិត្តដល់សិល្បករ-សិល្បការិនី ទាំងអស់តាមរយៈការចូលរួមទស្សនានៅពេលព្រឹត្តិការណ៍មកដល់នៅថ្ងៃទី28 ខែវិច្ឆិកា ខាងមុខនេះ។
( រាត្រីចងចាំ) គឺជាព្រឹត្តិការណ៍រំលឹកកូនខ្មែរឱ្យចងចាំនូវសម្បត្តិបេតិកភណ្ឌជាតិទាំងរូបី និងអរូបី ដែលបានបន្សល់ទុកដោយដូនតាខ្លួន ហើយត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងពិភពលោករបស់អង្គការយូណេស្កូ ពិសេសអបអរសាទរខួប3ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល វត្តស្វាយអណ្ដែត ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ព្រឹត្តិការណ៍នេះ ក៏ដើម្បីបញ្ជ្រាប និងលើកកម្ពស់ការយល់អំពីវប្បធម៌សិល្ប:គ្រប់ទម្រង់ បុរាណ ប្រពៃណី ប្រជាប្រិយ សហសម័យ និងឧបករណ៍តន្រ្តីបុរាណខ្មែរ។ ជាពិសេស ដើម្បីពង្រឹងអត្តសញ្ញាណ និងលើកស្ទូយកិត្យានុភាពជាតិ សំដៅរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈវិស័យសិល្បៈវប្បធម៌។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការរួមសម្ដែងពីសិល្បករទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធជាង100នាក់ ដោយសិល្បករទាំងអស់បានលះបង់កម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ក្នុងបុព្វហេតុដើម្បីវប្បធម៌មួយនេះឡើយ។