ព័ត៌មានជាតិ

មកដឹងអំពីសេវាស្នើសុំ «លិខិតបញ្ជាក់ទីលំនៅ»

មកដឹងអំពីសេវាស្នើសុំ «លិខិតបញ្ជាក់ទីលំនៅ»

យោងតាមមាត្រា១១៥ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បីអនុវត្តបុគ្គល ដែលអាចស្នើសុំលិខិតបញ្ជាក់ទីលំនៅបាន រួមមាន៖ ក. សាមីខ្លួននៃលិខិតបញ្ជាក់ទីលំនៅ ខ. អ្នកតំណាងរបស់សាមីខ្លួននៃលិខិតបញ្ជាក់ទីលំនៅ គ. អ្នកតំណាងដែលច្បាប់បានកំណត់ ឬអ្នកតំណាងដោយអាណត្តិរបស់បុគ្គលដូចមានចែងនៅក្នុងចំណុច ក និង ខ និងឃ. បុគ្គលផ្សេងទៀត ដែលត្រូវបានចាត់ទុកថា មានប្រយោជន៍ស្របច្បាប់ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ នេះបើតាមការស្រង់មកបញ្ជាក់ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។

ផ្អែកតាមច្បាប់ដដែល អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបាន ឱ្យដឹងថា មន្រ្តីចុះបញ្ជីស្នាក់នៅ ក៏អាចបដិសេធការស្នើសុំលិខិតបញ្ជាក់ទីលំនៅបានដែរ ដោយត្រូវផ្ដល់មូលហេតុចំពោះការបដិសេធនោះជាលាយលក្ខណ៍អក្សរ។ ការបដិសេធនេះ អាចត្រូវបានប្ដឹងមិនសុខចិត្ត ដូចមានចែងក្នុងផ្នែកទី៧ (ការប្ដឹងមិនសុខចិត្ត) នៃច្បាប់ដដែល។

យោងតាមផ្នែកទី៧ បុគ្គលដែលបានស្នើសុំទៅមន្ត្រីចុះបញ្ជីស្នាក់នៅដើម្បីចុះបញ្ជីស្នាក់នៅ ឬកែតម្រូវបញ្ជីស្នាក់នៅ ឬសំណើផ្សេងៗទៀត ដែលត្រូវបានអនុញ្ញាតអាចប្តឹងមិនសុខចិត្តនឹង ការចាត់ចែង រួមទាំងសេចក្តីសម្រេច ឬការយឺតយ៉ាវ ឬការធ្វេសប្រហែសក្នុងការចាត់ចែងបាន។ បែបបទនិងនីតិវិធី នៃការប្តឹងមិនសុខចិត្ត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយបញ្ញត្តិនេះមិនរារាំងការប្តឹងទៅតុលាការដោយផ្ទាល់ឡើយ។

លោកបណ្ឌិត ទូច សុឃៈ បានពន្យល់ទៀតថា ចំពោះសាមីខ្លួន ដែលមានបំណងស្នើសុំធ្វើលិខិតបញ្ជាក់ទីលំនៅ ដើម្បីយកទៅប្រើប្រាស់ ត្រូវធ្វើដំណើរទៅកាន់ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅក្នុងពេលបច្ចុប្បន្ន។ សាមីខ្លួន ត្រូវភ្ជាប់ជាមួយនូវឯកសារ ដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ បើសិនជាមិនមានឯកសារទាំងអស់នេះទេ សាមីខ្លួន អាចភ្ជាប់មកជាមួយនូវកិច្ចសន្យាផ្សេងៗ ដែលទទួលស្គាល់ដោយមេភូមិ មេឃុំ ឬចៅសង្កាត់ក្នុងមូលដ្ឋានបច្ចុប្បន្ន។ ក្នុងករណីផ្លាស់ប្តូរទីលំនៅ សាមីខ្លួនអាចភ្ជាប់ឯកសារផ្លាស់ចេញពីប៉ុស្ដិ៍រដ្ឋបាលឃុំ សង្កាត់នៅមូលដ្ឋានចាស់ ប្រគល់ជូនមន្ត្រីឃុំសង្កាត់ថ្មី ព្រមទាំងភ្ជាប់មកជាមួយនូវរូបថតទំហំ ៤×៦ ចំនួនកំណត់ទៅតាមការស្នើសុំ។ សេវានេះយូរបំផុត ៣ថ្ងៃ ហើយភាគច្រើនពលរដ្ឋអាចទទួលបានភ្លាមៗ លឿនជាងច្បាប់កំណត់៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *