កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យជនជាតិចិនម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណី រួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ
ខេត្តបន្ទាយ មានជ័យ : នៅវេលាម៉ោង០៩និង០០នាទី. ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីឈ្មោះ ប ដ ច ល ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្ដឹងចោទប្រកាន់ជនជាតិចិនម្នាក់បានរួមភេទជាមួយកូនស្រីគាត់ដែលមានអាយុ១៤ឆ្នាំ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានពាក្យបណ្ដឹង នៅម៉ោង១៥និង០០នាទី ថ្ងៃដដែល កម្លាំងជំនាញរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ លី ជានអ៊ីន(LI JIAN YUN )ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន ហើយមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំទៅតាមនីតិវិធី ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួចជនសង្ស័យបានឆ្លេីយសារភាពថា រូបគេពិតជាបានរួមភេទជាមួយជនរងគ្រោះពិតប្រាកដមែន ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកមេបញ្ជាការរង ទទួលជំនាញ និងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជួញដូរ និងការពារអនីតិជន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
#dolynews